ខួប​១៨​ឆ្នាំ​រដ្ឋប្រហារ ១៩៩៧ ៦២០
ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​ស្លាប់​ដោយ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Uon Chhin
អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដោយ​យោធា​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ គួរ​ត្រូវ​បាន​បើក​ការ​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ដោយ​ម៉ត់ចត់ ដើម្បី​រក​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ​ឲ្យ​មក​ទទួល​ខុស​ត្រូវ និង​យក​ទៅ​ផ្ដន្ទាទោស។
ការ​ទាមទារ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណបក្ស​នយោបាយ ដែល​ធ្លាប់​ជា​គូបដិបក្ខ​នឹង​គ្នា​កាល​ពី​ប្រមាណ ១៨​ឆ្នាំ​មុន បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​រៀងៗ​ខ្លួន​ជុំវិញ​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា។
សម្រាប់​ការ​រំឭក​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ដោយ​យោធា​កាល​ពី​ឆ្នាំ​១៩៩៧ គឺ​មាន​តែ​គណបក្ស​នយោបាយ​មួយ​ប៉ុណ្ណោះ​ដែល​បាន​រៀបចំ​ឡើង គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ​ថ្លែង​នៅ​ក្នុង​ពិធី​រំឭក​ខួប​ថា អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ គួរ​បញ្ឈប់​ការ​ចង​គំនុំ​សង​សឹក​គ្នា​ដោយ​ជ្រើសរើស​ការ​បង្ហូរ​ឈាម ដើម្បី​ដោះស្រាយ​បញ្ហា​ដូច​ព្រឹត្តិការណ៍​កាល​ពី ១៨​ឆ្នាំ​មុន​ត​ទៅ​ទៀត។
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ថ្វី​បើ​ព្រឹត្តិការណ៍​កាល​ណោះ​វា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ក៏​ពិត​មែន ក៏​សំណុំ​រឿង​មួយ​នេះ​បង្កប់​ន័យ​យ៉ាង​ជ្រៅ​មួយ​កម្រិត​ទៀត គឺ​បទ​ឧក្រិដ្ឋ ដែល​អ្នក​នយោបាយ​រុញ​ច្រាន​ឲ្យ​សភាពការណ៍​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ធ្វើ​ឲ្យ​មាន​ជន​ស្លូត​ត្រង់​ជាច្រើន​នាក់ ត្រូវ​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​កាល​ណោះ។ ហេតុ​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ជា​ចាំបាច់​ណាស់ គឺ​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​មួយ​នេះ ដែល​គេ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ចៀស​ពុំ​បាន​ឡើយ។
លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្លែង​ថា ជា​ចាំបាច់ អ្នក​នយោបាយ​ត្រូវ​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​ដ៏​ប្រល័យ​មួយ​នេះ។ មួយ​វិញ​ទៀត គេ​មិន​អាច​យក​រឿង​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ ហើយ​ព្យាយាម​លុប​បំបាត់ លាក់​បាំង​ការ​ស្លាប់​ជន​រងគ្រោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​បាន​ទេ។ លោក​បន្ត​ថា ភាព​ស្ងប់ស្ងាត់​នេះ​ហាក់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា គណបក្ស​នយោបាយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹក​នាំ​ដោយ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២ គឺ​កំពុង​តែ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ៖ «»។
ឆ្លើយ​តប​រឿង​នេះ លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ពិត​រឿង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បកស្រាយ​អស់​រួច​មក​ហើយ ក៏ប៉ុន្តែ​ការ​រំឭក​ព្រឹត្តិការណ៍​នេះ​ឡើង​វិញ​របស់​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន គឺ​គ្រាន់​តែ​ដើម្បី​ហេតុផល​នយោបាយ និង​កំពុង​ធ្វើ​ជំនួញ​ពី​ព្រឹត្តិការណ៍​នេះ​ប៉ុណ្ណោះ។ អតីត​ធ្លាប់​ជា​បុគ្គលិក​អង្គការ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស មុន​នឹង​លោក​ក្លាយ​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​បង្វែរ​រឿង​នេះ​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ។ លោក ឈឹម ផលវរុណ ថ្លែង​ថា មាន​មន្ត្រី​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ជាច្រើន​នាក់​បាន​ដឹង​រឿង​នេះ៖ «»។
ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បណ្ដាល​ឲ្យ​ជន​ស៊ីវិល និង​យោធា​ស្លាប់ និង​របួស​ជាច្រើន​នាក់ ក្នុង​នោះ​រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូចជា លោក ហូ សុខ ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជាដើម។ ទន្ទឹម​នឹង​នោះ មាន​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​មួយ​ចំនួន​ត្រូវ​បាត់បង់ និង​ខូចខាត​ថែម​ទៀត​ផង។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ណោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ រង​ការ​ចោទ​ថា បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ពី​នាយក​រដ្ឋមន្ត្រី​ទី​១។ ក្រោយ​បញ្ចប់​ជម្លោះ លោក អ៊ឹង ហួត កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​គេ​លើក​បន្តុប​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១ ដែល​ពុំ​មាន​សិទ្ធិ​អំណាច ដើម្បី​ជំនួស​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ភ្លាម​ដែរ។
បើ​ទោះ​ជា​បែប​ណា គិត​មក​ដល់​ពេល​នេះ ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ដោយ​យោធា​មាន​រយៈពេល ១៨​ឆ្នាំ​ហើយ ដែល​មិន​ទាន់​មាន​អ្នក​ទទួល​ខុស​ត្រូវ និង​មិន​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។ អំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​ផ្នែក​អាវុធ​នេះ មាន​គណបក្ស​ពីរ​ដែល​បង្ហាញ​ពី​អំណាច និង​ឥទ្ធិពល​រៀងៗ​ខ្លួន ក្នុង​ការ​វាយ​ប្រហារ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ គណបក្ស​ទាំង​ពីរ​នេះ ពុំ​បាន​ទាមទារ​រក​យុត្តិធម៌ ឬ​រំឭក​ព្រឹត្តិការណ៍​ដ៏​ប្រល័យ​នេះ​ទេ បើ​ទោះ​ជា​ទាំង​សង​ខាង សុទ្ធតែ​បាន​អះអាង​រៀងៗ​ខ្លួន​ថា ទទួល​រង​អយុត្តិធម៌​ក៏ដោយ​ចុះ។
ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នេះ គេ​សង្កេត​ឃើញ​គណបក្ស​ប្រឆាំង តែង​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​ជា​រៀង​រាល់​ឆ្នាំ។ មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ សម្រាប់​ការ​រំឭក​ខួប​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​វិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា នៅ​ទីស្នាក់ការ​ចាក់អង្រែ ថា លោក​នឹង​មិន​ចង់​ឃើញ​ព្រឹត្តិការណ៍​ដូច​នេះ​កើត​ឡើង​សាជាថ្មី​ទៀត​ទេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ លោក សម រង្ស៊ី ដែល​កន្លង​ទៅ​តែង​ទាមទារ​ប្ដឹងផ្ដល់ និង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នោះ ក៏ប៉ុន្តែ​លើក​នេះ​វិញ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ ហាក់​បន្ទន់​ឥរិយាបថ​ដោយ​ជំនួស​មក​វិញ​នូវ​ការ​អំពាវនាវ​ឲ្យ​គណបក្ស​នានា គួរ​ប្រើប្រាស់​យន្តការ​សន្តិវិធី ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​វិញ៖ «»។
ជុំវិញ​រឿង​នេះ ចំពោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​ស្នើ​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​កត់ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ គឺ​ចាប់​ប្រមូល​ភស្តុតាង​ក្រោយ​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៤។
រយៈពេល ១៨​ឆ្នាំ​កន្លង​ផុត​ទៅ តែ​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មិន​ទាន់​រសាត់​ទៅ​ឆ្ងាយ​ឡើង រីឯ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ក៏​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​យុត្តិធម៌​សម្រាប់​សាច់ញាតិ​របស់​ពួក​គេ​យ៉ាង​អន្ទះសា​ដែរ។ ប៉ុន្តែ​បញ្ហា​នេះ អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស ហាក់​មិន​ទទួល​ខុស​ត្រូវ​ឡើយ ទោះ​បី​ជា​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​បង្ហាញ​ពី​អ្នក​ពាក់ព័ន្ធ និង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា យ៉ាង​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:






Cambodiabwell, Welcome !,Thank You For Visiting My Blog

Popular Posts

Contact me

Email:stryounkhngnum@gmail.com

My Opinion

My blog ,I Create for sharing about tourism site in Cambodia to all people around the world know about Cambodia Culture ,and especially ,is the part one of helping reduce poverty in the society.